ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣ មក ជាពិសេសក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ នេះ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះករណីបទល្មើសប្រព្រឹត្តដោយជនបរទេស ដែលនៅមានចំនួនតិចតួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងមានប្រសិទ្ធភាពផងដែរ។

 

បើតាមឯកឧត្តមអភិបាលខេត្ត គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ចំនួន ៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង ២ពាន់នាក់ ក្នុងនោះបណ្ដាញមេក្លោងជាជនបរទេស ត្រូវបញ្ជូនទៅតុលាការ ជនបរទេសពាក់ព័ន្ធផ្សេងទៀត ត្រូវអនុវត្តនីតិវិធីបណ្ដេញចេញ ខណៈជនជាតិខ្មែរមួយចំនួនត្រូវបានអប់រំនិងធ្វើកិច្ចសន្យា។

 

ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ និងដោយមានការគាំទ្រពីគណៈកម្មការចំពោះកិច្ច ដែលបានបំពេញតួនាទីធានាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តបានយ៉ាងល្អ ក្នុងនោះក៏រួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលបង្កឡើងដោយជនបរទេស ធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការអបអរសាទរ និងវាយតម្លៃជាវិជ្ជមាន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ ដល់គណៈកម្មការចំពោះកិច្ច និយាយជារួម និងដោយឡែកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បន្តបង្កើនការស្រាវជ្រាវ និងបង្ក្រាបគ្រប់បទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី ក្នុងនោះជនបរទេសដែលពាក់ព័ន្ធត្រូវតែអនុវត្តនីតិវិធីបណ្ដេញចេញ ហើយរាល់ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់កិត្តិយសខេត្ត និងមុខមាត់ប្រទេសជាតិ ត្រូវតែបន្សាប និងបកស្រាយឱ្យបានច្បាស់លាស់៕

អត្ថបទទាក់ទង

ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានលើកឡើងថា.....
អនុវត្តតាមគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នគរបាលស្រុកលើកដែក ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ឆាប់ៗខាងមុខ
« ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » របស់ ចៅ ណន សុខហេង ខេត្តក្រចេះ បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ …
+